អ្នកកាសែតពិភាក្សាអំពីសេចក្តីព្រាង ច្បាប់សិទ្ធិទទួលព័ត៌មាន
ចេញផ្សាយ​ ថ្ងៃទី 16 March, 2015   ម៉ោង 15:16

(16-មីនា-2015) ក្លឹប​អ្នកកាសែត​កម្ពុជា សហការ​ជាមួយ​មូលនិធិ​ខុនរ៉ាដ អាដេ​ណៅអ៊ែ បានរៀបចំ​ធ្វើ​វេទិកា​តុមូល​ស្តីពី ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន និង​ដំណើរការ​តាក់តែង សេចក្តី ព្រាង និង​បញ្ហា​ប្រឈម នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ សាន់វ៉េ ដោយមាន​ការចូលរួម​ពី តំណាង​ក្រសួង​ព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល រួមទាំង​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​។​

​លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ ក្រសួង​ព័ត៌មាន បាន​ថ្លែង​នៅក្នុង​វេទិកា​ថា ក្រោយពី​មានការ​ចង្អុលបង្ហាញ​ពី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រសួង​ព័ត៌មាន ក៏បាន​បង្កើត​គណៈកម្មកា​រ ធ្វើ​សេចក្តីព្រាងច្បាប់ ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ដើម្បីអោយ​ច្បាប់​នេះ មាន​លក្ខណៈ​ស្តង់ដារ និង​ផ្តល់​ផលប្រយោជន៍​ដល់ ប្រជាពលរដ្ឋ​គ្រប់រូប​។​

​លោក​បាន​បន្តថា ក្រុមការងារ​តាក់តែង សេចក្តីព្រាងច្បាប់ ស្តី​សិទ្ធិ​ទទួលបាន​ព័ត៌មាន កំពុងតែ​អនុវត្ត តាម​ផែនការ​សកម្មភាព និង​ព​ន្លឿ​ន ក្នុងការ​តាក់​តែ សេចក្តីព្រាងច្បាប់ សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​។ ក្រុមការងារ បាន​ចងក្រង និង​និពន្ធ​សេចក្តីព្រាងច្បាប់​នេះ បានចេញ​ជា​គ្រោងឆ្អឹង​រួចហើយ ដោយមាន ៨ ជំពូក ចែកជា ២៤ មាត្រា​។​

​លោក មាស សុ​ភ័​ណ្ឌ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ និង​បានកំណត់​យក អាណត្តិ​ទី​៥ នេះ ក្នុងការ​កែទម្រង់​ស៊ីជម្រៅ និង​កំពុង​តែមាន​សកម្មភាព យ៉ាង​ផុសផុល​។​

​ លោក Denis Schrey ប្រធាន​មូលនិធិ​ខុនរ៉ាដ អាដេ​ណៅអ៊ែ បាន​ថ្លែងថា ការផ្តួចផ្តើម​សេចក្តីព្រាង​ច្បាប់ សិទ្ធិ​ទទួលបាន​ព័ត៌មាន គឺមាន​សារៈសំខាន់ ក្នុង​ការលើក​កំពស់​ការប្រឆាំង​អំពើពុករលួយ និង​វិស័យ​ផ្សេងៗ​។ អ្នកសារព័ត៌មាន មាន​សារៈសំខាន់​ណាស់ ដោយ​ត្រូវការ​សិទ្ធិ​ទទួលបាន​ព័ត៌មាន បើ​មិនមាន​ទេ គឺ​វា​ពិបាក​ណាស់ សម្រាប់​អ្នកសារព័ត៌មាន​។ ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ គឺជា​ដំណាក់កាល​ទី​១ ដែល​មានការ​ស្មុគស្មាញ​៕

(អត្ថបទរបស់វេបសាយ ស៊ិន CEN)