តុលាការខេត្តកំពង់ឆ្នាំងកាត់ទោស ឃាតករសម្លាប់អ្នកកាសែត
ចេញផ្សាយ​ ថ្ងៃទី 25 March, 2015   ម៉ោង 18:23

(២៥-មីនា-២០១៥) (អត្ថបទរបស់វិទ្យុអាស៊ីសេរី)
ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង ប្រកាស​សាលក្រម​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ជាប់​ទោស​ជាង ១០​ឆ្នាំ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​អ្នក​កាសែត​មាគ៌ា​កម្ពុជា។ មន្ត្រី​សិទ្ធិ​មនុស្ស និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ បាន​សាទរ​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​នេះ ប៉ុន្តែ​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់​ខ្លួន​ជនល្មើស ៥​នាក់​ផ្សេង​ទៀត​ដែល​កំពុង​រត់​គេច​ខ្លួន យក​មក​ផ្ដន្ទាទោស។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក សាន សុផាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មីនា សម្រេច​តម្កល់​សាលក្រម​ផ្ដន្ទាទោស​ជនល្មើស​ចំនួន ៦​នាក់ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ សាលក្រម​នោះ សម្រេច​ឲ្យ​ជនល្មើស​ម្នាក់ៗ​ជាប់​ពន្ធនាគារ ១៣​ឆ្នាំ និង​បង្គាប់​បង់​ប្រាក់​ជំងឺ​ចិត្ត​ដល់​គ្រួសារ​ជន​រងគ្រោះ​ចំនួន ៥​លាន​រៀល ក្រោម​បទ​ចោទ​ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ។

ចៅក្រម​សម្រេច​ឲ្យ​ជន​ជាប់​ចោទ​ឈ្មោះ យ៉ង ភាឡេង អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បន្ត ដោយ​សំអាង​ថា សាក្សី​ឆ្លើយ​ដោះ​បន្ទុក​ពុំ​មាន​ភាព​ច្បាស់លាស់ នៅ​ពេល​សវនាការ​សួរ​ដេញ​ដោល​លើ​បណ្ដឹង​ទាស់​សាលក្រម​កំបាំង​មុខ​ជន​ជាប់​ចោទ យ៉ង ភាឡេង កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៥។ ចៅក្រម​ប្រកាស​បិទ​សវនាការ​ភ្លាមៗ​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ គ្រួសារ​ជន​រងគ្រោះ និង​មន្ត្រី​សិទ្ធិ​មនុស្ស។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) លោក សំ ច័ន្ទគា ថ្លែង​សាទរ​ចំពោះ​ការ​សម្រេច​របស់​ចៅក្រម​នេះ ហើយ​លោក​ចង់​ឃើញ​តុលាការ​ខេត្ត​កំពង់ឆ្នាំង ចាត់​ការ​បណ្ដឹង​ដទៃ​ទៀត​ប្រកប​ដោយ​វិជ្ជាជីវៈ និង​យុត្តិធម៌​ដូច​ករណី​នេះ​ដែរ។ ទន្ទឹម​គ្នា​នេះ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ចាប់​ជនល្មើស​ចំនួន ៥​នាក់​ផ្សេង​ទៀត​ដែល​កំពុង​លាក់​ខ្លួន​ក្រៅ​ខេត្ត យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​ឆាប់៖ «ក៏ប៉ុន្តែ​យើង​ស្នើសុំ​ឲ្យ​មាន​ការ​តាម​នាំ​ខ្លួន​អ្នក​ដែល​គេច ៥​នាក់​ទៀត យក​មក​ដាក់​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់។ លោក ជិន ជេដ្ឋា៖ តើ​យើង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​ពន្លឿន​នីតិវិធី​នៃ​ការ​ចាប់​ខ្លួន​ហ្នឹង​បាទ? ខាង​សមត្ថកិច្ច​នេះ​ត្រូវ​សុំ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​ឲ្យ​ជួយ​ស្វែងរក​នាំ​ជនល្មើស ព្រោះ​ជនល្មើស​នៅ​ក្នុង​ខេត្ត​ផ្សេងៗ»។

កាល​ពី​យប់​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៤ ក្រុម​ជនល្មើស​មាន​គ្នា​ប្រហែល ១០​នាក់ ព្រួត​គ្នា​វាយ​សម្លាប់ លោក សួន ចាន់ អ្នក​កាសែត​មាគ៌ា​កម្ពុជា នៅ​តាម​ផ្លូវ​ក្បែរ​ផ្ទះ​របស់​លោក ឋិត​នៅ​ភូមិ​ក្បាលកន្លង់ ឃុំ​ពាមឆ្កោក ស្រុក​ជលគីរី។ នៅ​ក្នុង​ហេតុការណ៍​នោះ មាន​សាច់ញាតិ​របស់​លោក​ចំនួន​ពីរ​នាក់​ទៀត គឺ​ឈ្មោះ គូ អ៊ិន និង​ឈ្មោះ សួន ឌីម ក៏​ត្រូវ​ជនល្មើស​វាយ​ឲ្យ​របួស​ធ្ងន់​ដែរ ពេល​ចូល​ទៅ​ជួយ លោក សួន ចាន់។

ក្រោយ​មក ចៅក្រម​បាន​ចោទ និង​ផ្ដន្ទាទោស​បុរស​ចំនួន ៦​នាក់​ដែល​រស់នៅ​ភូមិ​ឃុំ​ជាមួយ​ក្រុម​គ្រួសារ​ជន​រងគ្រោះ គឺ​ឈ្មោះ យីម ណាក់ យីម នុន យីម នីក សាំង សេងអៀង រ៉ុម រ៉ា និង យ៉ង ភាឡេង៕