លោក ប៉ែន សមិទ្ធិ អគ្គនិពន្ធនាយកកាសែត រស្មីកម្ពុជា ប្រធានក្លិបអ្នកកាសែតកម្ពុជា និង អគ្គនាយកវេបសាយ CEN ទទួលមរណភាព
ចេញផ្សាយ​ ថ្ងៃទី 30 March, 2015   ម៉ោង 11:49

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ព្រមទាំងសមាជិក សមាជិកាទាំងអស់មានសេចក្តីរន្ធត់ចិត្ត ឥតឧបមាដោយលោក ប៉ែន សមិទ្ធិ ប្រធានក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានទទួលមរណភាពក្នុងជន្មាយុ ៥៤ឆ្នាំ កាលពីវេលាម៉ោង ៦:១០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ ដោយរោគាពាធ។

លោក ប៉ែន សមិទ្ធិ គឺជាអ្នកសារព័ត៌មានកម្ពុជាដ៏មានស្នាដៃលេចធ្លោយ៉ាងត្រចះត្រចង់មួយរូប ហើយបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជា។ លោកគឺជាស្ថាបនិកក្លឹបអ្នកកាសែតកម្ពុជា។ ក.អ.ក ចាត់ទុកមរណភាពរបស់លោក ប៉ែន សមិទ្ធិ គឺជាការបាត់បង់មេដឹកនាំប្រកបដោយការទួលខុសត្រូវនិងព្រហ្មវិហារធម៌មួយរួប សំរាប់វិស័យសារព័ត៌មាននៅ កម្ពុជា និងសូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅនិងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសពលោក ប៉ែន សមិទ្ធិ និងសូម អោយវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព។
ក.អ.ក សូមអំពាវនាវដល់សមាជិកសមាជិកា ក.អ.ករួមទាំងអ្នកសារព័ត៌មានទាំងអស់ចូលរួមក្នុងពិធីបុណ្យសពលោក ប៉ែន សមិទ្ធិ ដែលប្រារព្ធធ្វើនៅគេហដ្ឋានផ្ទះលេខ១ ផ្លូវ១៤៥ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ព័ត៌មានលំអិតសូមមេត្តាទាក់ទងតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
-០១២៨៤៨៦២៩-០១២៨០៤១៧១-០១២៨៩៥៨៥៣