អង្គរសង្ក្រាន្តឆ្នាំ ២០១៥ ជោគជ័យខ្លាំងមែនទែន
ចេញផ្សាយ​ ថ្ងៃទី 19 April, 2015   ម៉ោង 16:00

(19 មេសា​២០១៥) អត្ថបទរបស់ AKP ភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥– អង្គរសង្ក្រាន្តឆ្នាំ២០១៥បានបញ្ចប់ទៅហើយ ជាមួយនឹងជោគជ័យយ៉ាងធំធេងលើសពី ការរំពឹង ទុកចំពោះព្រឹត្តិការណ៍ដែលបានរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា នេះដែលនោះគឺ ការដាក់បញ្ចូលទៅក្នុងកំណត់ត្រា ពិភពលោក (Guinness World Record) នូវស្នាដៃចំនួន០២ជាប្រវត្តិសាស្ត្រ។

មួយថ្ងៃមុនការបើកជាផ្លូវការនូវព្រឹត្តិការណ៍នេះ គឺនៅថ្ងៃទី១៣ខែមេសាឆ្នាំ ២០១៥ ចៅក្រមអន្តរជាតិបានសម្រេចដាក់ចូលទៅក្នុង Guinness World Record នូវនំអន្សមយក្សរបស់កម្ពុជា ដែលមានទម្ងន់ដល់ទៅជាង៤តោន ក្រោយពីបានចម្អិនអស់រយៈពេល៤៥ម៉ោង ។ នំអន្សមនេះត្រូវបានវេចខ្ចប់ដោយស្លឹកចេកទម្ងន់៣៣៣គីឡូក្រាម និងខ្សែចេកចំនួន៣៧៥ គីឡូក្រាម ដោយមានគ្រឿងផ្សំអង្ករដំណើប១.០០០គីឡូក្រាម ខ្ទិះដូង៣៩៩គីឡូក្រាម អំបិល១៥ គីឡូក្រាម សណ្ដែកបាយ៤៩៩គីឡូក្រាម សាច់ជ្រូកបីជាន់៥០៧គីឡូក្រាម ស្ករ៤គីឡូក្រាម ម្រេចកំពត៣គីឡូក្រាម ខ្ទឹមចិញ្ច្រាំ១៦គីឡូក្រាម ។ នំអន្សមនេះត្រូវបានចម្អិនតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងមានរសជាតិទាក់ទាញ ជាពិសេសត្រូវបានចម្អិនឡើងដោយក្រុមមេចុងភៅខ្មែរ និងកូនកាំបិតចំនួន១០០នាក់ ។
បន្ថែមពីលើជោគជ័យដ៏ត្រចះត្រចង់នេះ បន្ទាប់ពីការរាំជាក្រុមនូវចង្វាក់ម៉ាឌីហ្សនរបស់យុវជនកម្ពុជាចំនួន២០១៥នាក់នៅទីលានជល់ដំរី ដែលចាប់ពី ម៉ោង១១ និង៤៣នាទី ដល់ម៉ោង១១ និង៥៣នាទី ថ្ងៃទី១៥ខែមេសាឆ្នាំ២០១៥ លោកស្រី Seyda Subasi-Gemici ចៅក្រមនៃ Guinness World Record បានប្រកាសថា ការរាំចង្វាក់ម៉ាឌីហ្សននេះបានជាប់កំណត់ត្រាពិភពលោកហើយ។
សហភាពសហព័ន្ធយុវជនកម្ពុជាបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការរំាម៉ាឌីហ្សនជាក្រុមនេះ គឺក្នុងគោលបំណងបង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ក្នុងន័យថា «ចង្កឹះមួយបាច់កាច់មិនបាក់» ហើយការរាំនេះក៏ចង់ផ្តល់វេទិកាមួយប្លែក និងមានភាពសប្បាយរីករាយដល់បណ្តាភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួមទស្សនាក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅលើទឹកដីខេត្តសៀមរាបអង្គរផងដែរ ។ ជាការពិតណាស់ការដាក់បញ្ចូលទៅក្នុង Guinness World Record នូវស្នាដៃឯករបស់កម្ពុជាក្នុងកម្មវិធីអង្គរសង្ក្រាន្តតែមួយវាប្រហែលជាកើតមានតិចតួចតែប៉ុណ្ណោះសម្រាប់ប្រវត្តិរបស់ខ្លួន ហើយវាប្រាកដណាស់ថា កិត្តិសព្ទកម្ពុជាត្រូវបានរុញដោយកម្មវិធីអង្គរសង្ក្រាន្តទៅកាន់ពិភពលោកគ្មានអ្វីជាមន្ទិលនោះឡើយ។
សម្រាប់ផ្ទៃក្នុងកម្ពុជាវិញ ភាពល្អូកល្អឺនរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយឯកឧត្តម សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្រភាគតិច ពិតជាបានបង្ហាញថាសភាពការណ៍នយោបាយមានស្ថិរភាព ដែលអំណោយផលយ៉ាងខ្លាំងដល់ការអភិវឌ្ឍជាតិនោះ ។ សម្តេចតេជោបានប្រាប់ភ្ញៀវអន្តរជាតិដែលចូលរួមថា ប្រទេសយើងខ្ញុំបានដើរដល់ដំណាក់កាលមួយថ្មី នោះគឺវត្តមានរបស់ឯកឧត្តម សម រង្ស៊ី លោកជំទាវនៅក្នុងវេទិកានៅថ្ងៃនេះ ។ វប្បធម៌សន្ទនាមួយបានចាប់ផ្តើមនៅលើទឹកដីកម្ពុជា ជំនួសឱ្យវប្បធម៌នៃការប្រទូស្តរាយ និងការកាប់សម្លាប់គ្នា ។ ខ្ញុំបានធ្វើកិច្ចការងារនេះដោយអំណត់ជាមួយនឹងសមភាគីរបស់ខ្ញុំគឺ ឯកឧត្តម សម រង្ស៊ី ។ មួយរយៈចុងក្រោយនេះ ខ្ញុំបានជួបដៃគូដ៏ល្អមួយគឺឯកឧត្តម សម រង្ស៊ី … ខ្ញុំបាននិយាយនៅក្នុងការចរចាអំពីបញ្ហាពាក់ព័ន្ធជាមួយថា យើងត្រូវបង្កើនការសន្ទនាឱ្យបានច្រើនបំផុតបើអាចធ្វើទៅបាន ។ ឯកឧត្តម សម រង្ស៊ី បានទទួលយកហើយយើងបានក្លាយ ទៅជាសហស្ថាបនិក នៃវប្បធម៌សន្ទនាដែលយើងទទួលភារកិច្ចបន្ត និងដឹកនាំការងារនេះដោយផ្ទាល់របស់យើង ។ សូមអបអរសាទរ ។
សម្តេច ហ៊ុន សែន មានប្រសាសន៍ថា ខ្ញុំសូមធ្វើការកត់សម្គាល់ថា ព្រឹត្តិការណ៍នេះគួររំលេចឡើងនូវចំណុចលេចធ្លោមួយចំនួន គឺទី១-ការជួបជុំមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យឆ្នាំនេះគឺមានអត្ថន័យធំធេងទាំងនយោបាយ ទាំងវប្បធម៌ និងបញ្ហាដទៃទៀត ក្នុងនោះមានចរឹតបង្រួបបង្រួមជាតិ និងឯកភាពជាតិរបស់យើង ។ ចំណុចទី២ នៃព្រឹត្តិការណ៍នេះ គឺរំឭក និងធ្វើឱ្យរស់រវើកបេតិកភណ្ឌអរូបីនៅលើទីតាំងវប្បធម៌បេតិកភណ្ឌរូបិយ ។ ចំណុចទី៣ ជាព្រឹត្តិការណ៍មួយដើម្បីរឹតចំណងសាមគ្គីភាពរវាងប្រជាជាតិខ្មែរ និងប្រជាជាតិនៅលើសកលលោក ។ ទី៤គឺផ្តល់ឱកាសឱ្យយុវជន ប្រជាពលរដ្ឋភ្ញៀវទេសចរ ស្វែងយល់ពីភាពរុងរឿង ភាពល្បីល្បាញ ភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណី សាសនា និងបន្តថែរក្សាកេរមរតកទាំងនេះឱ្យបានគង់វង្ស ព្រមទាំងពង្រីកកិត្យានុភាពលើឆាកអន្តរជាតិ ។ អង្គរសង្ក្រាន្តជាឱកាសមួយ ដើម្បីឱ្យកម្ពុជាបង្ហាញខ្លួនថាជាព្រះរាជាណាចក្រនៃវប្បធម៌ ។ ទី៥គឺ ប្រមូលគំនិតរួបរួមកម្លាំងសាមគ្គីភាពជាគ្រួសារខ្មែរតែមួយ ក្នុងមោទនភាពខ្មែរជាធ្លុងមួយ និងបណ្តុះស្មារតីអភិរក្ស អភិវឌ្ឍន៍វប្បធម៌ បាវចនាជាតិ ព្រលឹង និងអត្តសញ្ញាណជាតិខ្មែរ ក្នុងបរិបទនៃសមាហរណកម្មអាស៊ាន ដែលរួមគិត រួមធ្វើ រួមទទួលខុសត្រូវក្នុងសម័យកាលសកលភាវូបនីយកម្មជំនាន់ទំនើប ។ ទី៦ គឺព្រឹត្តិការណ៍នេះបង្ហាញនូវវប្បធម៌ និងសិល្បៈ នៃការចែករំលែក ការរាប់អានគ្នា ជួយយកអាសាគ្នា និងភាពទន់ភ្លន់របស់ប្រជាពលរដ្ឋខ្មែរ ។ ទី៧គឺ ផ្តល់ឱកាសឱ្យពាណិជ្ជករ អាជីវករចូលរួមក្នុងការតាំងបង្ហាញនូវម្ហូបអាហារ និងផលិតផលរបស់ខ្លួន ជាពិសេសផលិតផលសិប្បកម្ម និងឧបករណ៍បរិក្ខារដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ក្នុងតំបន់ ។ ទី៨គឺបណ្តុះគំនិតច្នៃប្រឌិតរបស់យុវជន និងបង្កើននូវភាពនៃការដឹកនាំប្រកបដោយការទទួលខុសត្រូវ តាមរយៈការត្រៀមរៀបចំ និងការអនុវត្តកម្មវិធីនីមួយៗ និងទី៩ ជំរុញទេសចរដែលជាប្រភពចំណូលរបស់ប្រជាជនយើង៕
ដោយ ជ័យ ភូមិពល