មន្ដ្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ដល់សម្ភាសន៍ជាមួយប្រតិភូ ទីភ្នាក់ងារសារព័ត៌មានថៃ
ចេញផ្សាយ​ ថ្ងៃទី 23 March, 2017   ម៉ោង 12:02

ខេត្តព្រះសីហនុ៖នៅថ្ងៃទី២២ ខែមីនាកន្លងទៅ  ឆ្នាំ២០១៧ លោក អ៊ុក សុមេធី ប្រធាននាយកដ្ឋានផែនការ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានផ្តល់បទសម្ភាសន៍ជាមួយប្រតិភូ ទីភ្នាក់ងារសារព័ត៌មានជាតិថៃឡង់ដ៏ NNT (National News Bureau of Thailand) ។

លោក អ៊ុក សុមេធី បានឱ្យដឹងថា ការងារសំខាន់របស់កំពង់ផែរួមមាន ទី១-ការនាំនាវាចេញ-ចូល ទី២-ការ លើកដាក់ទំនិញ ទី៣-ការរក្សាទំនិញ ទី៤- ការដឹកជញ្ជូនទំនិញ។ កំពង់ផែមានតំបន់សេដ្ឋកិច្ច ពិសេសក្នុង ការនាំចេញនាំចូលទំនិញ ដែល៩០ភាគរយជាទំនិញតាមកុងតឺន័រ ក្រៅពីនោះមានទទួល នាវាទេសចរណ៍ ចូលចតមកពីប្រទេសថៃ និងវៀតណាមផងដែរ ។ ទំនិញដែលឆ្លងកាត់កំពង់ផែកន្លងមក មានការកើនឡើង ពីឆ្នាំ២០១៥-២០១៦ គឺកើនជិត ១៧ភាគរយ តាមរយៈកំណើននេះ ធ្វើឱ្យកំពង់ផែមាន សក្តានុពលពង្រីក ខ្លូនជាបន្តបន្ទាប់ ។ ក្រៅពីទំនិញតាមកុងតឺន័រ ក៏នៅមានទំនិញកសិផល ទំនិញចាក់ធារ និងការរុករកប្រេង ក្នុងសមុទ្រផងដែរ ។

មន្ដ្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ដល់សម្ភាសន៍ជាមួយប្រតិភូ ទីភ្នាក់ងារសារព័ត៌មានថៃ
តាមរយៈកំណើននេះយើងត្រូវពង្រីកផែក្នុងមួយឆ្នាំ១០០ម៉ែត្របន្ថែមទៀត ដើម្បីឆ្លើយតបទៅនិងតម្រូវការ ជាក់ស្ដែងរបស់កំពង់ផែ យើងក៏បានសិក្សាជាមួយអង្គការ ចាយកា គម្រោងអភិវឌ្ឍន៍កំពង់ផែថ្មីប្រវែង ៣៥០ម៉ែត្រ មានជម្រៅទឹក ១៤ម៉ែត្រ និងគ្រោងបញ្ចប់នៅឆ្នាំ២០២២-២០២៣ខាងមុខ ។

លោកបានឱ្យដឹងទៀតថា ក្រៅពីការដឹកជញ្ជូនតាមសមុទ្រយើងក៏នៅមានសក្តានុពលដឹកជញ្ជូនតាមផ្លូវគោក មានដូចជាការដឹកជញ្ជូនតាមផ្លូវរថភ្លើងក្នុងផែមានប្រវែង ៥០០ម៉ែត្រដោយដឹកជញ្ជូនកុងតឺន័រជាប្រចាំថ្ងៃ ប្រហែល ៦ភាគរយនៃទំនិញ ពីកំពង់ផែទៅភ្នំពេញ និងដឹកពីភ្នំពេញមកកាន់កំពង់ផែក្រុងព្រះសីហនុ ក្រៅពី នោះក៏មានការដឹកជញ្ជូនតាមផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងភ្ជាប់ទៅថៃតាមផ្លូវជាតិលេខ៤៨ផងដែរ ។ យើងមានព្រលានយន្តហោះក្រុងព្រះសីហនុមួយពិសេសមានជើងហោះហើរជាប្រចាំមួយថ្ងៃ ៧ជើង វាអាចភ្ជាប់ដល់បណ្ដាប្រទេសនានា។ ដោយសារបច្ចុប្បន្នទេសចរមួយចំនួនចូលកម្ពុជាតាមនាវា ចូលចត កំពង់ផែសមុទ្រ និងបន្តដំណើរទៅខេត្តសៀមរាបតែម្តង។ យើងក៏បានលើកទឹកចិត្តអតិថិជន និងអ្នកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចកំពង់ផែដែលមានផ្ទៃដី ៧០ហិកតា ទាក់ទាញអ្នកវិនិយោគទុនមកធ្វើវិនិយោគ នៅក្នុងតំបន់ សេដ្ឋកិច្ចកំពង់ផែក្រុងព្រះសីហនុ ។

ចំពោះកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ យើងក៏មានទំនិញមួយចំនួនដឹកពីថៃ មកកំពង់ផែក្រុង ព្រះសីហនុផងដែរ តាមរយៈសាឡង់ នាវា និងរថយន្តទេសចរណ៍មកកាន់ក្រុងព្រះសីហនុ ហើយក៏មាន ការដឹកជញ្ជូនភ្ញៀវទេសចរតាមនាវាពីកំពង់ផែលីមឆាបាង (ប្រទេសថៃ) មកកាន់កំពង់ផែក្រុងព្រះសីហនុ និងពីកំពង់ផែក្រុងព្រះសីហនុ ទៅកាន់កំពង់ផែលីមឆាបាង។

លោក អ៊ុក សុមេធី បានបន្តថា នៅឆ្នាំ២០១៦មាននាវាទេសចរណ៍យក្សចំនួន ៣៥គ្រឿងបានចូលចតកំពង់ ផែក្រុងព្រះសីហនុ ហើយកំពង់ផែយើងទទួលស្វាគមន៍នាវាចេញ-ចូលគ្រប់ប្រទេស ព្រោះអ្នកវិនិយោគថៃ សភាពាណិជ្ជកម្មថៃ មកកាន់កំពង់ផែក្រុងព្រះសីហនុ ក្នុងមួយឆ្នាំ៤ដង។

ខេត្តព្រះសីហនុមានកិច្ចសហប្រតិបត្តិការជាមួយខេត្តត្រាតប្រទេសថៃផងដែរ និងមានការដោះដូរពាណិជ្ជកម្ម គ្នាតាមផ្លូវសមុទ្រ ៕ពីអេឃីភេ