រដ្ឋមន្រ្ដី៖កម្ពុជានៅខ្វះអ្នកកាសែតសរសេរអត្ថបទវិភាគស៊ីជម្រៅ លើបញ្ហាសង្គម និងសេដ្ឋកិច្ច
ចេញផ្សាយ​ ថ្ងៃទី 23 March, 2017   ម៉ោង 13:46

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកឡើងថា បច្ចុប្បន្ននេះ អ្នកសារព័ត៌មានដែលសរសេរអំពីព័ត៌មាន បែបពិធីការគឺមានច្រើន ប៉ុន្ដែអ្នកសារព័ត៌មានសរសេរអំពីព័ត៌មានវិភាគស៊ីជម្រៅពាក់ព័ន្ធនឹងបញ្ហា សេដ្ឋកិច្ច និងបញ្ហាសង្គមគឺមិនទាន់មានច្រើននៅឡើយ។
ក្នុងសន្និបាតបូកសរុបសមិទ្ធផលវិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៦ និងទិសដៅការ ងារសម្រាប់ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី០២ ខែមីនានេះ នៅទីស្ដីការក្រសួងព័ត៌មាន លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អ្នកសារព័ត៌មានដែលសរសេរមានព័ត៌មាន អំពីពិធីការមានច្រើនទាក់ទងនឹងសកម្មភាពរដ្ឋមន្រ្ដី ឬថ្នាក់ដឹកនាំចុះទៅនេះ ទៅនោះ សម្ពោធសមិទ្ធ ផលនេះ សមិទ្ធផលនោះច្រើន។ ប៉ុន្ដែការសរសេរព័ត៌មានវិភាគអំពីសភាពការណ៍ធំៗ ឬព័ត៌មានវិភាគ ស៊ីជម្រៅលើបញ្ហសេដ្ឋកិច្ច និងបញ្ហាសង្គមនៅខ្វះខាតច្រើនណាស់ ដែលបង្ហាញអំពីកម្រិតនៃការ យល់ដឹងនៅខ្វះខាតច្រើន។
លោកបានបញ្ជាក់ថា ៖សម្រាប់ការកែទម្រង់ជាជំហានដំបូងបំផុតគឺចាប់ផ្ដើមពីអ្នកកាសែតខ្លួន ឯង ដោយត្រូវពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងខិតខំរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយទៅ ជាអ្នកវិភាគព័ត៌មាន អ្នកស្រាវជ្រាវសភាពការណ៍ ឱ្យកាន់តែស៊ីជម្រៅក្នុងរឿងនីមួយៗ និងបញ្ហាដែល កើតឡើងក្នុងសង្គម៕